រុក្ខជាតិ​វល្លិ​រមៀត


រុក្ខជាតិ​វល្លិ​រមៀត

អត្ថបទ​ក្រុម​ស្រាវជ្រាវ​ប្រពៃណី

ទំនៀម​ទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

សេចក្ដី​ផ្ដើម

ប្រទេស ​កម្ពុជា ជា​ប្រទេស​មួយ​ឋិត​នៅ​ក្នុង​តំបន់​ត្រូពិច ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម ជា​លក្ខណៈ​មួយ បង្ក​ការ​ងាយស្រួល ដល់​ការ​រស់​នៅ​របស់​ពួក​សត្វ​ទាំងឡាយ និង​ការ​រីក​លូតលាស់​របស់​រុក្ខជាតិ​គ្រប់​បែប​យ៉ាង ។ អំណោយ​ផល​នៃ​អាកាសធាតុ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​រុក្ខជាតិ​វល្លិ​រមៀត អាច​ដុះ​លូតលាស់​បាន​ល្អ ស្ទើរ​តែ​គ្រប់​ទី​កន្លែង បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ។

រុក្ខជាតិ ​គ្រប់​ប្រភេទ នាប​ដុះ​ពាស​ពេញ នៅ​តាម​តំបន់​នានា​ដូចជា ខ្ពង់រាប វាល​ទំនាប និង​តំបន់​ភ្នំ​ជាដើម ។ ប្រជាជន​ខ្មែរ​បាន​ទាញ​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន ពី​រុក្ខជាតិ​ទាំង​នោះ មក​បំពេញ​តាម​តម្រូវ​ការ​របស់​ខ្លួន ។ រុក្ខជាតិ​នីមួយ ៗ មាន​សារៈ​ប្រយោជន៍​ផ្សេង​គ្នា ទៅ​តាម​ប្រភេទ​របស់​រុក្ខជាតិ ។ យ៉ាង​ណា​មិញ នៅ​សម័យ​មុន រុក្ខជាតិ​វល្លិ​រមៀត ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង យក​មក​ផ្សែ​ផ្សំ​ធ្វើ​ជា​ឱសថ សម្រាប់​ព្យាបាល​រោគ ហើយ​រហូត​មក​ដល់​សម័យ​នេះ ការ​យក​រុក្ខជាតិ​វល្លិ​រមៀត​ទៅ​ផ្សំ​ជា​ថ្នាំ ក៏​នៅ​តែ​ឃើញ​មាន​បន្ត​ខ្លះ ៗ ដែរ គឺ​ដោយ​សារ​ប្រជាជន​ខ្មែរ​យើង នៅ​តែ​មាន​ជំនឿ​លើ​ថ្នាំ​បុរាណ​នៅ​ឡើយ ដោយ​សារ​តែ​មិន​ចាំបាច់ ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន ដើម្បី​យក​ទៅ​ទិញ​ឱសថ​សម័យ ជា​ពិសេស​កត្តា​ទាំង​នេះ​ហើយ ជា​ទម្លាប់​ព្រម​ទាំង​ជា​ជំនឿ ដែល​បាន​បន្សល់​ទុក​តាំង​ពី​ដូនតា​មក ដូច្នោះ​ហើយ​ទង្វើ​ទាំង​នេះ បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ការ​កាប់​វល្លិ​រមៀត យក​មក​ផ្សំ​ធ្វើ​ជា​ឱសថ​បុរាណ​គ្មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​ដូចជា ការ​កាប់​យក​ទៅ​លក់​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​វល្លិ​រមៀត​ឡើយ ព្រោះ​កាប់​សម្រាប់​តែ​យក​មក​បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​បន្តិច​បន្តួច​ ប៉ុណ្ណោះ ។ តែ​ទៅ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​រុក្ខជាតិ​វល្លិ​រមៀត នៅ​តែ​ត្រូវ​បាន​គេ​កាប់​យក​ទៅ លក់​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​វល្លិ​រមៀត យក​ទៅ​កែ​ច្នៃ​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា វត្ថុ​ធាតុ​ដើម​ដដែល ។ បច្ចុប្បន្ន​រុក្ខជាតិ​វល្លិ​រមៀត ជា​តម្រូវ​ការ​របស់​ឈ្នួញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដោយ​ពួក​គេ បាន​ប្រមូល​ទិញ​ពី​ប្រជាជន ក្នុង​បរិមាណ​យ៉ាង​ច្រើន សម្រាប់​ផលិត​ចេញ​ជា​ម្សៅ​វល្លិ​រមៀត ទុក​សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ខ្លះ និង​មួយ​ចំនួន​ធំ​ទៀត សម្រាប់​ដឹកនាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ។ ក្នុង​រវាង​ឆ្នាំ ១៩៩៤ – ២០០០ 1 ទាំង​ការ​កាប់ និង​ការ​ផលិត​ចេញ​ជា​ម្សៅ មាន​សកម្មភាព​ខ្លាំងក្លា​ណាស់ តែ​ត្រូវ​រាជរដ្ឋាភិបាល​ហាម​ឃាត់​មិន​ឲ្យ​កាប់ និង​ផលិត​ឡើយ ព្រោះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ដល់​ប្រជាជន សង្គម​រស់​នៅ ជា​ពិសេស​បរិដ្ឋាន​ធម្មជាតិ​ទាំង​មូល ។

I- លក្ខណៈ​ទូទៅ​នៃ​រុក្ខជាតិ​វល្លិ​រមៀត

វល្លិ​រមៀត ឬ ល្មៀត 2 (TERAMNUS LIBIALIS) ជា ​ឈ្មោះ​វល្លិ​មួយ​ប្រភេទ ក្នុង​ចំណោម​ប្រភេទ​វល្លិ​ជា​ច្រើន ដែល​មាន​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​យូរ​ណាស់​មក​ហើយ ។ វល្លិ​រមៀត​មាន​សាច់​ខាង​ក្នុង​សើម ពណ៌​លឿង​ស្រដៀង​នឹង​មើម​រមៀត ។ ពេល​វិទ្យាសាស្ត្រ​មិន​ទាន់​ជឿនលឿន គេ​ច្រើន​ប្រើប្រាស់​វល្លិ​រមៀត​នេះ​សម្រាប់​ធ្វើ​ជា​ថ្នាំ​រម្ងាប់​រោគ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន គេ​បាន​កែ​ច្នៃ​រុក្ខជាតិ​វល្លិ​រមៀត ធ្វើ​ជា​ម្សៅ​វល្លិ​រមៀត​វិញ ។

ទីតាំង

ជា ​ទូទៅ វល្លិ​រមៀត ច្រើន​ដុះ​នៅ​តាម​តំបន់​ភ្នំ ដែល​មាន​អាកាសធាតុ​ត្រជាក់ ។ គេ​មិន​អាច​កំណត់​អំពី​អាយុ​កាល របស់​វល្លិ​រមៀត​បាន​ទេ គឺ​អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ បើ​សិន​ជា​ទីតាំង​ដែល​វល្លិ​នេះ​ដុះ​សម្បូរ​ទៅ​ដោយ​ថ្ម​ច្រើន រុក្ខជាតិ​វល្លិ​រមៀត មិន​សូវ​ដុះ​ល្អ​ទេ តែ​បើ​សិន​ទីតាំង​នោះ​មិន​សូវ​សម្បូរ​ថ្ម ហើយ​មាន​អាកាសធាតុ​ត្រជាក់​ទៀត​នោះ ជា​ការ​បង្ករ​លក្ខណៈ​ងាយ​ស្រួល ដល់​ការ​រីក​លូតលាស់ នៃ​រុក្ខជាតិ​ប្រភេទ​នេះ​ណាស់ ។

ខេត្ត​ដែល​សម្បូរ​វល្លិ​រមៀត​មាន​ដូចជា កោះកុង កំពត កំពង់ស្ពឺ ពោធិ៍សាត់ និង​បណ្ដា​ខេត្ត​ផ្សេង ៗ ទៀត 3

ទ្រង់ទ្រាយ​របស់​រុក្ខជាតិ​វល្លិ​រមៀត

វល្លិ ​រមៀត​មាន​ពីរ​ប្រភេទ គឺ​វល្លិ​ដែល​វារ​នៅ​នឹង​ដី និង​វល្លិ​ដែល​រុំ​ព័ទ្ធ​ឡើង​លើ​ដើម​ឈើ ។ ជា​មធ្យម​ដើម​វល្លិ​រមៀត មាន​ប្រវែង​ពី​ម្ភៃ​ម៉ែត្រ ទៅ​សាមសិប​ម៉ែត្រ ជួន​កាល​អាច​លើស​ពី​នេះ​ទៅ​ទៀត 4 គឺ​អាស្រ័យ​ទៅ​លើ​ប្រវែង​ដើម​ឈើ ដែល​វល្លិ​រមៀត​ត្រូវ​រុំ​ព័ទ្ធ​ឡើង​ទៅ​លើ បើ​ដើម​ឈើ​ខ្ពស់ វល្លិ​រមៀត​ក៏​វារ​ឡើង​ខ្ពស់​តាម​នោះ​ដែរ តែ​បើ​ដើម​ឈើ​ទាប នៅ​ពេល​វល្លិ​ឡើង​ទៅ​ដល់​ចុង​ឈើ ហើយ​ចុង​វល្លិ​រមៀត ក៏​បត់​សំយុង​ក្បាល​ចុះ​មក​ដី ដើម្បី​វារ​នៅ​នឹង​ដី​បន្ត​ទៀត ព្រោះ​មិន​អាច​តោង​វារ​ទៅ​លើ​បន្ត​ទៀត​បាន ។ ភាគ​ច្រើន វល្លិ​ដែល​វារ​នៅ​នឹង​ដី មាន​ប្រវែង​វែង​ជាង វល្លិ​ដែល​រុំ​វារ​តោង​ឡើង​ដើម​ឈើ​។

បើ ​និយាយ​ពី​សំបក​ដើម​វល្លិ​រមៀត​វិញ គេ​សង្កេត​ឃើញ​ថា សំបក​ដើម​វល្លិ​រមៀត​មាន ពណ៌​ស ប្រផេះ ហើយ​ស្ដើង បើ​សិន​ជា​យើង​យក​ក្រចក​ទៅ​ឆ្កឹះ​តែ​បន្តិច គេ​ឃើញ​សាច់​វល្លិ​រមៀត​លឿង​ច្រាល​ចេញ​មក​ភ្លាម ហាក់​បី​ដូចជា​មើម​រមៀត​អញ្ចឹង ។

ផ្ទៃ ​សាច់​ខាង​ក្នុង​របស់​វល្លិ​រមៀត រាង​ជា​កង​មូល ៗ សរសៃ​ឆ្មា ៗ ស្រដៀង​នឹង​អំបោះ​ដេរ​បាវ ។ រង្វង់​កង ៗ ដែល​ជា​ស្រទាប់​របស់​សាច់​វល្លិ​រមៀត មាន​ចំនួន​ប្រហែល​ប្រាំ​ទៅ​ប្រាំមួយ​ស្រទាប់ ។

ស្លឹក ​របស់​វល្លិ​រមៀត គេ​មិន​សូវ​មាន​ឃើញ​ដុះ​នៅ​នឹង​គល់​វល្លិ​ទេ គឺ​ច្រើន​ឃើញ​មាន​ដុះ​សម្បូរ​នៅ​ចុង​វល្លិ ព្រោះ​ពេល​ដើម​របស់​វា​រីក​លូតលាស់​ធំ ស្លឹក​ចាស់ ៗ ក៏​ចាប់​ផ្ដើម​ជ្រុះ ។ ស្លឹក​វល្លិ​រមៀត​មាន​សណ្ឋាន​ដូច​ស្លឹក​ម្លូ និង​មាន​ទំហំ​ដូច​ស្លឹក​ម្លូ​ដែរ ជា​ពិសេស​ចុង​ស្លឹក​មាន​សភាព​ស្រួច និង​មាន​ពណ៌​បៃតង​ដូច​គ្នា ។

ធាង ​របស់​វល្លិ​រមៀត មាន​ទំហំ​ប៉ុន​ជើង​ធូប ទង​ជាប់​គល់​ធាង និង​ទង​ជាប់​គល់ សន្លឹក​រាង​កំប៉ោង​ដូច​គ្នា ប៉ុន្តែ​ទង​ជាប់​គល់​សន្លឹក​តូច​ជាង​ទង​ជាប់​គល់​ធាង​បន្តិច ។

ផ្កា ​វល្លិ​រមៀត មាន​រាង​ល្អិត ៗ ពណ៌​ស​នៅ​ជា​កញ្ចុំ ៗ ឯ​ផ្លែ​របស់​វា មាន​រាង​មូល​ប៉ុន​ម្រាម​ដៃ ហើយ​ដុះ​ជា​ចង្កោម ៗ នៅ​ក្នុង​មួយ​ចង្កោម មាន​ប្រហែល​ជា​បួន​ទៅ​ប្រាំ​ផ្លែ 5

II- ការ​រក​វល្លិ​រមៀត

ការ ​រក​វល្លិ​រមៀត ជា​របរ​មួយ​របស់​ប្រជាជន​ខ្មែរ នៅ​តាម​តំបន់​ព្រៃ​ភ្នំ មិន​ខុស​ពី​របរ​ផ្សេង ៗ ដូចជា ការ​រក​ខ្លឹម​ចន្ទន៍ក្រស្នា ការ​យក​ជ័រ​ម្រ័ក្សណ៍ ការ​រក​ផ្ដៅ ការ​រក​វល្លិ​ផ្សេង ៗ មក​ធ្វើ​ជា​ឱសថ​បុរាណ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ថា​ប្រជាជន​ខ្មែរ​មួយ​ចំនួន នៅ​តាម​តំបន់​ជនបទ នៅ​មាន​ជំនឿ​លើ​គ្រូ​បុរាណ (ព្យាបាល​បែប​បុរាណ) នៅ ​ពេល​មាន​ជំងឺ​តម្កាត់​ម្ដង ៗ និង​ដោយ​គ្មាន​ប្រាក់​កាស​សម្រាប់​ព្យាបាល ប្រជាជន​បាន​ទៅ​រក​វល្លិ​រមៀត មក​ផ្សំ​ធ្វើ​ជា​ឱសថ សម្រាប់​ព្យាបាល​ដោយ​ខ្លួន​ឯង តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ការ​រក​វល្លិ​រមៀត​មក​ធ្វើ​ជា​ឱសថ​បុរាណ គេ​ពុំ​សូវ​ប្រទះ​ឃើញ​មាន​ទេ គឺ​ភាគ​ច្រើន​អ្នក​ទៅ​រក​កាប់​វល្លិ​រមៀត គេ​មាន​គោល​បំណង កម្ម​យក​ទៅ​លក់​ឲ្យ​ម្ចាស់​សិប្បកម្ម ផលិត​ម្សៅ​វល្លិ​រមៀត​ប៉ុណ្ណោះ ។ ក្នុង​ការ​ទៅ​រក​វល្លិ​នេះ​ផង​ដែរ គេ​មាន​វិធី​កាប់​របស់​គេ គឺ​នៅ​ពេល​ដែល​គេ​ប្រទះ​ឃើញ វល្លិ​រមៀត​ដែល​រុំ​ព័ទ្ធ​ដើម​ឈើ គេ​កាន់​កាំបិត​ឡើង​ទៅ​ចុង​ឈើ រួច​កាប់​វល្លិ​ទម្លាក់​ចុះ​មក​ខាង​ក្រោម រួច​ទើប​កាប់​វល្លិ​ត្រង់​គល់​ទៀត ដើម្បី​ងាយ​ស្រួល អូស​វល្លិ​ទម្លាក់​ចុះ​មក​ក្រោម ។ ចុង​ក្រោយ គេ​ក៏​កាប់​វល្លិ​ជា​កង់ ៗ ប្រវែង​ប្រហែល​ពីរ​ម៉ែត្រ ចង​ជា​បាច់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន 6

ការ​ធ្វើ​ដំណើរ

ក្នុង ​ការ​ធ្វើ​ដំណើរ​ទៅ​រក​វល្លិរមៀត អ្នក​ទៅ​រក​វល្លិរមៀត តែង​តែ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ព្រោះ​ត្រូវ​ឡើង​ភ្នំ និង​ត្រូវ​ចូល​ព្រៃ​ជ្រៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​រក​វល្លិរមៀត ត្រូវ​ធ្វើ​ឡើង ដោយ​មាន​សមាជិក​ធ្វើ​ដំណើរ​រួម​គ្នា ចំនួន​ពី​ដប់​ទៅ​ម្ភៃ​នាក់ ក្នុង​នោះ​ផង​ដែរ អ្នក​ទៅ​រក​វល្លិរមៀត ច្រើន​ទៅ​កាប់​នៅ​រដូវ​ប្រាំង 7 នៅ​រដូវ​វស្សា គេ​ពុំ​សូវ​ឃើញ​មាន​ទេ ព្រោះ​នៅ​រដូវ​វស្សា​សម្បូរ​ភ្លៀង ធ្វើ​ឲ្យ​មាន​ការ​លំបាក ក្នុង​ការ​ដឹក​ជញ្ជូន​វល្លិ​ចេញ​ពី​ក្នុង​ព្រៃ ។ សម្ភារៈ​ដែល​ត្រូវ​យក​ទៅ​ជា​មួយ មាន​ដូចជា កាំបិត អង្រឹង តង់កោស៊ូ អង្ករ ត្រីងៀត និង​សម្ភារៈ​មួយ​ចំនួន​ទៀត ព្រោះ​ការ​ទៅ​រក​វល្លិ ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​គួរសម ដោយ​ត្រូវ​ស្នាក់នៅ​ក្នុង​ព្រៃ​ពី​ដប់​ទៅ​ម្ភៃ​ថ្ងៃ ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀត អាស្រ័យ​ដោយ​ជួប​វល្លិ ឬ​មិន​ជួប​វល្លិ​តែ​ប៉ុណ្ណោះ ។

អបិយ​ជំនឿ និង​តំណម​សម្រាប់​អ្នក​ទៅ​កាប់​វល្លិ​រមៀត

បញ្ហា ​អបិយ​ជំនឿ​ពេល​ដើរ​ព្រៃ គេ​ឃើញ​កើត​មាន​ជា​យូរយា​ណាស់​មក​ហើយ ដែល​បន្សល់​ទុក​រហូត​បច្ចុប្បន្ន​នេះ ។ ចំពោះ​អ្នក​ទៅ​កាប់​វល្លិរមៀត​ក៏​ដូច្នោះ​ដែរ ពេល​ចូល​ព្រៃ គេ​តែង​តែ​បន់ស្រន់​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ពី​អ្នកតា​ម្ចាស់​ព្រៃ កុំ​ឲ្យ​ជួប​នឹង​គ្រោះថ្នាក់ ព្រម​ទាំង​ជំងឺ​តម្កាត់​ផ្សេង ៗ ពិសេស​សុំ​កុំ​ឲ្យ​ជួប​នឹង​ពពួក​សត្វ​សាហាវ ដែល​សម្បូរ​ពាស​ពេញ​ក្នុង​ព្រៃ ព្រោះ​ការ​ធ្វើ​ដំណើរ ត្រូវ​ស្នាក់នៅ​ក្នុង​ជំរំ ដែល​ត្រូវ​បោះ​នៅ​ក្នុង​ព្រៃ ។ ក្រុម​អ្នក​ទៅ​កាប់​វល្លិ​ទាំងអស់ ប្រមូល​គ្នា​យក​តង្វាយ​ផ្សេង ៗ ដើម្បី​ដាក់​ថ្វាយ​ដល់​អ្នកតា ដែល​ថែរក្សា​ព្រៃ ឲ្យ​ជួយ​តាម​ថែរក្សា និង​ជួយ​បង្ហាញ​ផ្លូវ​ដល់​ពួក​គេ ក្នុង​ការ​ស្វែង​រក​វល្លិ​រមៀត 8 ។ ពួក​គេ​មាន​ជំនឿ​ថា បើ​សិន​ជា​ពួក​គេ មិន​ដាក់​តង្វាយ​ថ្វាយ​អ្នកតា​ទេ អ្នកតា​នឹង​ខឹង ហើយ​កាច់​គេ​ធ្វើ​ឲ្យ​គេ​មាន​ជំងឺ ឬ​ជួប​នឹង​ហេតុ​អាក្រក់​អ្វី​មួយ ជាក់​ជា​មិន​ខាន​ឡើយ ។

គួប ​ផ្សំ​នឹង​ជំនឿ​ខាង​លើ គេក៏​ឃើញ​មាន​តំណម​ផ្សេង ៗ ដើម្បី​សុំ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ តួយ៉ាង​ដូចជា តម​មិន​ឲ្យ​មាត់​ក​ផ្ដេសផ្ដាស ហាម​ជេរ​ប្រទេច​គ្នា​ក្នុង​ព្រៃ ពេល​កំពុង​រក​វល្លិ ព្រោះ​នាំ​ឲ្យ​កើត​អន្តរាយ​ដល់​ខ្លួន ពេល​ហូប​បាយ ត្រូវ​រំលែក​ម្ហូប​អាហារ​ខ្លះ​ដាក់​ថ្វាយ​អ្នកតា​ម្ចាស់​ព្រៃ​ជាដើម ។ នេះ​ជា​លក្ខណៈ​ពិសេស​របស់​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ដែល​គេ​តែង​តែ​ជួប​ប្រទះ​ជា​រឿយ ៗ នៅ​ក្នុង​ជីវិត​រស់​នៅ មាន​ន័យ​ថា ខ្មែរ​ជា​ជនជាតិ​មាន​ជំនឿ​ជឿជាក់ និង​គោរព​ប្រតិបត្តិ​ជានិច្ច នូវ​តំណម​ផ្សេង ៗ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ ។

ផលវិបាក​របស់​អ្នក​រក​វល្លិ​រមៀត

បច្ចុប្បន្ន ​វល្លិ​រមៀត មិន​សូវ​ម្បូរ​ដូច​មុន​ទេ អ្នក​ទៅ​រក​វល្លិ​រមៀត​នេះ ត្រូវ​ធ្វើ​ដំណើរ​ចូល​ព្រៃ​ជ្រៅ​ទើប​បាន​ជួប ហើយ​ត្រូវ​ឡើង​ទៅ​កាប់​នៅ​ដើម​ឈើ​ធំ ៗ ហើយ​ខ្ពស់ ៗ ទៀត ដូច្នេះ​អ្នក​ទៅ​កាប់​វល្លិ​រមៀត ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន ដែល​មិន​អាច​ចៀស​ផុត ។ នៅ​ក្នុង​ព្រៃ​សម្បូរ​ដោយ​សត្វ​សាហាវ​ជា​ច្រើន ជា​ពិសេស​សត្វ​ទាក ដូច្នេះ​អ្នក​ទៅ​កាប់​វល្លិ មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ។ ម្យ៉ាង​ទៀត​ការ​ចូល​ព្រៃ ងាយ​ស្រួល​នឹង​កើត​ជំងឺ​ណាស់ ជា​ពិសេស​ជំងឺ​គ្រុន​ចាញ់​សន្ធំ ព្រោះ​អ្នក​ទៅ​កាប់​វល្លិ​រមៀត​ដេក​តែ​ក្នុង​អង្រឹង វា​មិន​អាច​ការពារ​មូស មិន​ឲ្យ​ខាំ​ទាំង​ស្រុង​បាន​ឡើយ ។ ចំពោះ​អ្នក​ទៅ​រក​វល្លិ​រមៀត​នៅ​រដូវ​ភ្លៀង​វិញ បញ្ហា​ដែល​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ជាង​គេ​នោះ គឺ​សត្វ​ទាក ពីព្រោះ​សត្វ​របៀប​នេះ​សម្បូរ​ណាស់​នៅ​រដូវ​វស្សា ។

III- ឧបករណ៍ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ម្សៅ​វល្លិ​រមៀត

ឧបករណ៍

ប្រសិន ​បើ​យើង​ចង់​បាន​ផលិតផល​អ្វី​មួយ យើង​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ឧបករណ៍​សម្រាប់​ផលិត ។ ម្សៅ​វល្លិ​រមៀត​ដែល​អាច​ចេញ​ជា​រូបរាង​បាន គឺ​វា​អាស្រ័យ​ទៅ​លើ​ឧបករណ៍​មួយ​ចំនួន​ដូចជា ៖

ម៉ាស៊ីន​ហាន់ ជា​ឧបករណ៍​មួយ​ប្រភេទ មាន​លក្ខណៈ​វិទ្យាសាស្ត្រ ឧបករណ៍​នេះ​មាន កាំបិត​មុខ​កាត់ សម្រាប់​កាប់​ចិញ្ច្រាំ​វល្លិ​ជា​ចំនិត ៗ ដើម្បី​ប្រមូល​យក​ទៅ​ដាក់​ត្រាំ​នៅ​ក្នុង​អាង ។

ម៉ាស៊ីន​បូម​ទឹក ជា​ឧបករណ៍​មួយ​ប្រភេទ មាន​លក្ខណៈ​វិទ្យាសាស្ត្រ ប្រើ​សម្រាប់​បូម​ទឹក​ពី​ស្ទឹង បឹង ត្រពាំង ដែល​នៅ​ជិត​កន្លែង​ផលិត​យក​មក​ដាក់​ក្នុង​អាង ដើម្បី​ត្រាំ​ចំណិត​វល្លិ ដែល​បាន​កាប់​ចិញ្ច្រាំ​រួច​ជា​ស្រេច និង​សម្រាប់​បូម​ទឹក​រង​ថ្លា នៅ​ខាង​លើ​អាង​ដាក់​ទៅ​អាង​មួយ​ផ្សេង​ទៀត ដែល​នៅ​ជិត​គ្នា ។

អាង​ត្រាំ ធ្វើ​ឡើង​ពី​កៅស៊ូ​តង់ ឬ​ស៊ីម៉ងត៍ តែ​ភាគ​ច្រើន​គេ​ធ្វើ​ពី​កៅស៊ូ​តង់ ព្រោះ​មាន​ភាព​ងាយ​ស្រួល ពេល​ដែល​គេ​ចង់​ផ្លាស់​ប្ដូរ​ទីតាំង​ផលិត​ម្សៅ​វល្លិ​រមៀត ។ អាង​ត្រាំ គេ​ធ្វើ​ឡើង​មាន​ទទឹង​ប្រវែង ២ ម៉ែត្រ ទៅ ២ ម៉ែត្រ​កន្លះ បណ្ដោយ​ប្រវែង ២ ម៉ែត្រ​កន្លះ ទៅ ៣ ម៉ែត្រ និង​ជម្រៅ​ប្រវែង ១ ម៉ែត្រ ទៅ ១ ម៉ែត្រ​កន្លះ 9

ប៉ែល និង​រនាស់ ជា​ឧបករណ៍​សំខាន់​មួយ​ដែរ នៅ​ពេល​ដែល​គេ​បូម​ទឹក​រង​ថ្លា​ពី​អាង ដែល​ដាក់​ត្រាំ​ចំណិត​វល្លិ​រមៀត ទៅ​ដាក់​នៅ​ក្នុង​អាង​មួយ​ផ្សេង​ទៀត ហើយ​នៅ​សល់​ម្សៅ​វល្លិ​រមៀត​សើម​កក​នៅ​ខាង​ក្រោម គេ​ក៏​ចាប់​ផ្ដើម​យក​ឧបករណ៍​ទាំង​ពីរ​នេះ​ទៅ​កាយ និង​ចូល​យក​ម្សៅ​ដាក់​ទៅ​ក្នុង​ទៃ ហើយ​ដាក់​សង្កត់ ដូច​ម្សៅ​នំ​អញ្ចឹង ។

ទែ ជា​ឧបករណ៍​មួយ​ប្រភេទ សម្រាប់​ច្រក​ម្សៅ​វល្លិ​រមៀត ដែល​នៅ​បាត​អាង ដើម្បី​ដាក់​សង្កត់​ឲ្យ​អស់​ជាតិ​ទឹក (ទៃ​មាន​លក្ខណៈ​ដូច បាវ ឬ​ស្បោង)

ចង្អេរ ជា​ឧបករណ៍​ចុង​ក្រោយ សម្រាប់​ដាក់​ហាល​ម្សៅ​វល្លិ​រមៀត ដែល​បាន​មក​ពី​ការ​សង្កត់ ដើម្បី​យក​ទៅ​ហាល​ឲ្យ​ម្សៅ​ស្ងួត ។

វត្ថុ​ធាតុដើម

ឧបករណ៍ ​ទាំងអស់​ខាង​លើ មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​ផលិត​ចេញ​ជា​ម្សៅ​វល្លិ​រមៀត តែ​វា​ក៏​ត្រូវ​គួប​ផ្សំ​ជា​មួយ​វត្ថុ​ធាតុដើម មួយ​ចំនួន​ទៀត​ដូចជា ទឹក អាស៊ីត អំបិល ដែល​ជា​វត្ថុ​ធាតុដើម​ដ៏​សំខាន់​បំផុត ក្នុង​ការ​ផលិត ដើម្បី​សម្រេច​ចេញ​ជា​ម្សៅ​បាន ។ ទឹក សម្រាប់​ត្រាំ​ចំណិត​វល្លិ​រមៀត ដែល​គេ​កាប់​ចិញ្ច្រាំ​រួច​រាល់​ហើយ ឯ​អំបិល និង​អាស៊ីត មាន​តួនាទី​សំខាន់​ជាង​គេ​បំផុត សម្រាប់​កាត់​ជាតិ​ម្សៅ​ចេគ​ពី​ក្នុង​សាច់​វល្លិ ។

IV- របៀប​ផលិត​ម្សៅ​វល្លិ​រមៀត និង​ផល​វិបាក

វិធីសាស្ត្រ​ផលិត​ម្សៅ​វល្លិ​រមៀត

ដើម្បី ​ផលិត​ឲ្យ​ចេញ​ជា​ម្សៅ​វល្លិ​រមៀត យើង​ត្រូវ​យក​វល្លិ​រមៀត​ចាស់ ព្រោះ​វល្លិ​កាន់​តែ​ចាស់ គឺ​កាន់​តែ​សម្បូរ​ម្សៅ ដូចពាក្យ​ខ្មែរ​ថា ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ 10 ។ បន្ទាប់​មក គេ​ក៏​ចាប់​ផ្ដើ​មយក​វល្លិ​ដែល​គេ​កាប់​ជា​កង់ ៗ ប្រវែង ២ ម៉ែត្រ​រួច​មក​ហើយ​នោះ ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ហាន់ ដែល​មាន​ថាស សម្រាប់​ចិញ្ច្រាំ​ចេញ​ជា​ចំណិត ៗ ។ បន្ទាប់​ពី​ហាន់​វល្លិ​ជា​ចំណិត ៗ រួច​រាល់​ហើយ គេ​ក៏​ចាប់​ផ្ដើម​យក​ចំណិត​វល្លិ​ទាំង​នោះ​ទៅ​ដាក់​ក្នុង​អាង ដើម្បី​ត្រាំ​ជា​មួយ​ទឹក និង​អាស៊ី​រយៈ​ពេល​ពី ៤ ទៅ ៥ ថ្ងៃ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​វល្លិ​ទន់​រលួយ ធ្លាក់​ម្សៅ​វល្លិ​ចុះ​ក្រោម ។ បន្ទាប់​មក គេ​បង្ហូរ​ទៅ​ត្រាំ​ក្នុង​អាង​ចុង​ក្រោយ​មួយ​ទៀត​ដែល​នៅ​ជិត​គ្នា និង​មាន​លាយ​អំបិល ។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក វល្លិ​រមៀត​បាន​ក្លាយ​ទៅ​ជា​ម្សៅ ហើយ​គេ​ក៏​ចាប់​ផ្ដើម​បង្ហូរ​ទឹក ដែល​មាន​ជាតិ​អំបិល​នោះ​ចោល រួច​ហើយ​គេ​យក​ប៉ែល​កើប​ម្សៅ​វល្លិ​ដាក់​ក្នុង​ទៃ 11 ។ បន្ទាប់​មក គេ​ចាប់​ផ្ដើម​ចង​មាត់​ទៃ រួច​យក​ដុំ​ថ្ម​មក​សង្កត់ ដើម្បី​ឲ្យ​អស់​ជាតិ​ទឹក ការ​សង្កត់​ម្សៅ​ត្រូវ​ប្រើ​រយៈ​ពេល ១ យប់ ទើប​គេ​ស្រាយ​មាត់​ទៃ រួច​យក​ប៉ែល​ចូក​ម្សៅ​ចេញ យក​ទៅ​ដាក់​ហាល​ក្នុង​ចង្អេរ ដើម្បី​ឲ្យ​ម្សៅ​វល្លិ​ស្ងួត​ល្អ ។ នៅ​ក្នុង​ការ​ហាល​ម្សៅ​វល្លិ​រមៀត​នេះ បើ​សិន​ជា​គ្មាន​ថ្ងៃ​ហាល​ទេ គេ​យក​ម្សៅ​វល្លិ​រមៀត ដែល​នៅ​សើម​ទាំងអស់​នោះ ទៅ​ដាក់​ក្នុង​ចង្អេរ​ដដែល ហើយ​យក​ភ្លើង​មក​ដាក់​ឆ្អើរ ដោយ​ដុត​ភ្លើង​តិច ៗ ជំនួស​វិញ ប៉ុន្តែ​ការ​ឆ្អើរ​ដោយ​ភ្លើង​បែប​នេះ ប្រើ​រយៈ​ពេល​យូរ​ណាស់ ទើប​វល្លិ​ស្ងួត​ល្អ ព្រោះ​បើ​ដុត​ភ្លើង​ខ្លាំង​ពេក នាំ​ឲ្យ​ខូច​គុណភាព​ម្សៅ 12

ផល​វិបាក​ដែល​ទទួល​រង​ពី​ការ​ផលិត​ម្សៅ​វល្លិ​រមៀត

ពេល ​ដែល​ការ​ផលិត​បាន​ចប់​រួច​រាល់ ពួក​កម្មករ​បាន​បង្ហូរ​ទឹក​ត្រាំ​វល្លិ​រមៀត ដែល​មាន​ជាតិ​អាស៊ីត និង​អំបិល​ចូល​ទៅ​ក្នុង​ទី​វាល ក្នុង​ព្រៃ ក្នុង​បឹង អូរ ត្រពាំង នៅ​ក្បែរ ៗ កន្លែង​ផលិត​នោះ ដែល​ជា​ចំណែក​ធ្វើ​ឲ្យ គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​បរិដ្ឋាន ។ នៅ​ពេល​ប្រជា​ពលរដ្ឋ ដែល​នៅ​ជិត​អូរ បឹង ស្ទឹង ត្រពាំង យក​ទឹក​ទាំង​នោះ​ទៅ​ប្រើប្រាស់ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ហើម​ពោះ រាករូស រលាក​ក្រពះ ពោះវៀន បង្ក​រោគ​ថ្លើម ហើយ​អាច​បង្គ​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត​ផង 13 ។ ដោយ​ឡែក សត្វ​ពាហនៈ និង​សត្វ​ព្រៃ​ទាំងឡាយ ដែល​ចូល​ទៅ​ផឹក​ទឹក​ទាំង​នោះ ក៏​ទទួល​រង​គ្រោះថ្នាក់​ដូច​គ្នា​នឹង​មនុស្ស​ផង​ដែរ ។ ម្យ៉ាង​វិញ​ទៀត មច្ឆា​តូច​ធំ​ដែល​រស់​នៅ​ក្នុង​ទឹក​នោះ នឹង​ត្រូវ​ងាប់​អស់ បើ​សិន​ទឹក​នោះ​បង្ហូរ​ចូល​ទៅ​ក្នុង​ដី បើ​ចំ​ប្រភេទ​ដី​សម្បូរ​ជាតិ​ទៅ​ដោយ​កំបោរ វា​មិន​សូវ​បង្ក​គ្រោះថ្នាក់​ទេ ព្រោះ​ជាតិ​អាស៊ីត​វា​បំប្លែង​នឹង​ជាតិ​កំបោរ ដូច្េនះ​វា​មិន​បណ្ដាល​ឲ្យ​ខូច​គុណភាព​ដី​ទេ តែ​ហើរ​ហូរ​ទៅ​លើ​ដី ដែល​មិន​សូវ​សម្បូរ​ដោយ​ជាតិ​កំបោរ គឺ​ធ្វើ​ឲ្យ​ដី​ទាំង​នោះ​ខូច​គុណភាព 14

ពិសេស ​ជាង​នេះ​ទៅ​ទៀត កម្មករ​ផលិត​ម្សៅ​វល្លិ​រមៀត ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​ជាង​គេ ។ ជំងឺ​ពីរ​ប្រភេទ ដែល​កម្មករ​ត្រូវ​ប្រឈម​មុខ​នោះ គឺ​ជំងឺ​គ្រុន​ចាញ់​សន្ធំ និង​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ជាតិ​ពុល បណ្ដាល​មក​ពី​អាស៊ីត និង​អំបិល ដែល​ពួក​គេ​ប្រើប្រាស់ ដើម្បី​ផលិត​ម្សៅ​វល្លិ​រមៀត ។

V- ជីវភាព​ប្រជាជន និង ផល​ប្រយោជន៍​ម្សៅ​វល្លិ​រមៀត

ជីវភាព​ប្រជាជន​ក្នុង​ការ​រក​វល្លិ និង​ផលិត​ម្សៅ​វល្លិ​រមៀត

តាំង ​ពី​ដើម​រៀង​មក អ្នក​ដែល​ទៅ​រក​វល្លិ​រមៀត តែង​ជួប​នឹង​បញ្ហា​លំបាក ៗ ខ្វះ​ខាត​លើ​បញ្ហា​ជីវភាព​ខ្លាំង​ណាស់ ទោះបី​សព្វ​ថ្ងៃ​នេះ គេ​កាប់​វល្លិ​យក​មក​លក់​ក៏​ពិត​មែន តែ​ជីវភាព​គេ​នៅ​តែ​ខ្វះ​ខាត​ដដែល ព្រោះ​វល្លិ​ដែល​កាប់​បាន ត្រូវ​លក់​ទៅ​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​វល្លិ​រមៀត ក្នុង​តម្លៃ​ទាប​បំផុត ដោយ​ក្នុង​មួយ​គីឡូ​តម្លៃ​មួយ​រយ​ទៅ​ពីរ​រយ​រៀល​ប៉ុណ្ណោះ ។ នៅ​ក្នុង​ការ​ផលិត​ម្សៅ​វល្លិ​រមៀត​នេះ ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ បាន​ចែក​កម្មករ​ជា​ពីរ​ផ្នែក មួយ​ផ្នែក​សម្រាប់​ផលិត​ចេញ​ជា​ម្សៅ បាន​ទទួល​ប្រាក់​ខែ និង​អាហារ ៣ ពេល ឯ​មួយ​ផ្នែក​ទៀត​ជា​អ្នក​កាប់​វល្លិ គ្មាន​ប្រាក់​ខែ​ទេ គឺ​កាប់​វល្លិ​យក​មក​លក់ ថ្លឹង​គិត​ជា​គីឡូ​ដោយ​ខ្លួន​ឯង បើ​កាប់​បាន​វល្លិ​ច្រើន ប្រាក់​ក៏​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ ។

ម្យ៉ាង ​ទៀត វល្លិ​រមៀត​ដែល​កាប់​ហើយ មិនមែន​ដុះ​ភ្លាម ៗ ឡើយ វា​មាន​រយៈ​ពេល​រាប់​ឆ្នាំ​ឯ​ណោះ​ទើប​ដុះ​វិញ ដូច្នេះ​ជីវភាព​ពួក​គេ​ចេះ​តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​មិន​សូវ​មាន​វល្លិ​រមៀត​ឲ្យ​ពួក​គេ​កាប់​យក​ទៅ​លក់ ដើម្បី​យក​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព ​គ្រួសារ​បាន​ឡើយ​។

ការ​ប្រើប្រាស់​ជា​ឱសថ

រុក្ខជាតិ ​វល្លិ​រមៀត មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ប្រជាជន​យក​ទៅ​ប្រើប្រាស់ ធ្វើ​ជា​ឱសថ​ព្យាបាល​រោគ​គ្រុន​ក្ដៅ ។ លើស​ពី​នេះ​ទៅ​ទៀត រុក្ខជាតិ​វល្លិ​រមៀត ត្រូវ​បាន​ប្រជាជន​ខ្មែរ​កែ​ច្នៃ​ធ្វើ​ជា​ឱសថ​បុរាណ និង​ឱសថ​សម័យ សម្រាប់​ប្រើ​ការ​ក្នុង​ស្រុក ក៏​ដូចជា​យក​ទៅ​លក់ នៅ​តាម​បណ្ដា​ប្រទេស​នានា ។

ឱសថ​បុរាណ

ខណៈ ​ពេល​ដែល​មនុស្ស​ជា​ច្រើន ទូទាំង​ពិភពលោក កំពុង​តែ​ងាក​ទៅ​រក​ឱសថ​លោក​ខាង​លិច ដើម្បី​ព្យាបាល​រោគ​នោះ ហេតុ​អ្វី​បាន​ជា​ប្រជាជន​ខ្មែរ​មួយ​ចំនួន នៅ​តែ​ប្រើប្រាស់​ឱសថ​បុរាណ​ទៀត ? តើ​ព្រោះ​តែ​ឱសថ​បុរាណ​ថោក ហើយ​មាន​ប្រសិទ្ធិភាព ឬ​គ្រាន់​តែ​ជា​ទម្លាប់​ដែល​មិន​ងាយ​ផុត​រលត់ ។

ជា ​ធម្មតា ប្រជាជន​ខ្មែរ​ព្យាបាល​រោគ តាម​រយៈ​ឱសថ​បុរាណ ដែល​មាន​ទម្លាប់​តាំង​ពី​បុរាណ​កាល​មក ។ ឱសថ​បុរាណ​ខ្មែរ គឺ​ជា​ទម្រង់​នៃ​ការ​ព្យាបាល​រោគ​ដោយ​ធម្មជាតិ ដោយ​មាន​ការ​ផ្សំ​បញ្ចូល​គ្នា រវាង​ឫស​ឈើ សំបក​ឈើ ស្លឹក​ឈើ និង​ផ្សំ​ដោយ​ធម្មជាតិ​មួយ​ចំនួន​ទៀត ករណី​ដូចជា​ប្រភេទ​វល្លិ​ជាដើម ។ ការ​ផ្សែផ្សំ​ឱសថ​បុរាណ​ជា​ច្រើន​មុខ​បញ្ចូល​គ្នា អាច​ព្យាបាល​ជំងី​បាន​មួយ​រយ​មុខ ។

កាល ​ពី​មុន ប្រជាជន​ខ្មែរ​សម័យ​បុរាណ សរសេរ​រូបមន្ត​ឱសថ​បុរាណ​នេះ តាម​ការ​ចេះ​ដឹង​ដោយ​ខ្លួន​ឯង ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន របៀប​ព្យាបាល​នេះ នៅ​តែ​បម្រើ​ប្រជាជន​ខ្មែរ​ដដែល ។ ការ​ប្រើប្រាស់​ថ្នាំ​បុរាណ មាន​ផល​ប៉ះពាល់​តុចតួច ព្រោះ​ផលិត​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ មិន​មាន​ប្រើ​សារធាតុ​គីមី​ទេ ។

ឱសថ​សម័យ

រុក្ខជាតិ ​វល្លិ​រមៀត មិន​ត្រឹម​តែ​ជា​ឱសថ​បុរាណ សម្រាប់​ព្យាបាល​រោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱសថ​សម័យ​ទៀត​ផង ។ គេ​អាច​យក​ម្សៅ​វល្លិ​រមៀត ទៅ​កែ​ច្នៃ​ធ្វើ​ជាង​គ្រឿង​សម្អាង ថ្នាំ​ពណ៌​ផ្សេង ៗ និង ធ្វើ​ជា​ថ្នាំ​ពេទ្យ 15

សន្និដ្ឋាន

រុក្ខជាតិ ​វល្លិ​រមៀត ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង សម្រាប់​ព្យាបាល​រោគ នា​សម័យ​ដែល​វិទ្យាសាស្ត្រ​ពុំ​ទាន់​មាន​ករ​រីក​ចម្រើន រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន ដែល​វិទ្យាសាស្ត្រ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ប្រជាជន​ខ្មែរ​យើង​បាន​យក​វល្លិ​រមៀត​ទៅ​ផ្សំ​ធ្វើ​ជា​ថ្នាំ​ខ្មែរ សម្រាប់​ព្យាបាល​រោគ លើស​ពី​នេះ​ទៅ​ទៀត​នោះ វល្លិ​រមៀត អាច​កែ​ច្នៃ​ធ្វើ​ជា​ថ្នាំ​ពេទ្យ ថ្នាំ​ពណ៌ គ្រឿង​សម្អាង​ផ្សេង ៗ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ។

ការ ​កាប់​វល្លិ​រមៀត យក​មក​ធ្វើ​ជា​ថ្នាំ​ខ្មែរ វា​មិន​ប៉ះពាល់​ដល់​បរិដ្ឋាន​ព្រៃ​ឈើ​ខ្លាំង​ពេក​ទេ ប្រការ​ដែល​យក​ចិត្ត​ទុក​ដាក់​ជាង​គេ គឺ​ការ​កាប់​វល្លិ​រមៀត យក​ទៅ​ផលិត​ចេញ​ជា​ម្សៅ ព្រោះ​ទី​មួយ​វា​បណ្ដាល​ឲ្យ​ធនធាន​ធម្មជាតិ ត្រូវ​បាត់បង់​បន្តិច​ម្ដង ៗ ដោយ​ហេតុ​ថា​ពេល​នេះ ការ​កាប់​វល្លិ​រមៀត​ចេះ​តែ​រុល​ទៅ​មុខ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​នៅ​ទី​បំផុត រុក្ខជាតិ​វល្លិ​រមៀត​នឹង​ត្រូវ​ដាច់​ពូជ​អស់ ។ ទី​ពីរ​កាក​សំណល់​រាវ និង​សំណល់​រឹង ដែល​គេ​យក​ទៅ​ចាក់​ចោល​នៅ​លើ​ដី ក្នុង​បឹង ត្រពាំង អូរ បាន​បង្ករ​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ចំពោះ​សុខភាព​ប្រជាជន មច្ឆាជាតិ សត្វ​ពាហនៈ សត្វ​ព្រៃ និង​គុណភាព​ដី ។ ជន​ដែល​ងាយ​រងគ្រោះ​ដល់​សុខភាព​ជាង​គេ​គឺ កម្មករ​ផលិត​ម្សៅ​វល្លិ​រមៀត ព្រោះ​គេ​ត្រូវ​រង​នូវ​ជាតិ​ពុល ដែល​បង្ក​ឡើង​ដោយ​សារជាតិ​អាស៊ីត អំបិល និង​អ្នក​ដែល​ទៅ​កាប់​រុក្ខជាតិ​វល្លិ​រមៀត​មក​លក់ ព្រោះ​ពួគ​គេ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ព្រៃ ដែល​មាន​សត្វ​សាហាវ​សម្រាន្ត​ក្នុង​ព្រៃ​ឈើ ងាយ​នឹង​កើត​ជំងឺ​ផ្សេង ៗ ណាស់ ជា​ពិសេស គឺ​ជំងឺ​គ្រុន​ចាញ់​សន្ធំ ។ ម្យ៉ាង​ទៀត ការ​ឡើង​ទៅ​កាប់​វល្លិ​រមៀត​ពី​ដើម​ឈើ​ខ្ពស់ ៗ ក៏​ងាយ​នឹង​ទទួល​គ្រោះថ្នាក់​ផង​ដែរ ។

សរុប ​សេចក្ដី​ទៅ ទោះបី​រុក្ខជាតិ​វល្លិ​រមៀត មាន​សារៈ​ប្រយោជន៍ អាច​ធ្វើ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ និង​អាច​កែ​ច្នៃ​ធ្វើ​ជា​គ្រឿង​សម្អាង និង​ថ្នាំ​ពណ៌​ផ្សេង ៗ បាន​ក៏​ពិត​មែន តែ​វា​ក៏​បង្គ​គ្រោះថ្នាក់​ច្រើន​ណាស់​ដែរ ហើយ​មុខ​របរ​កាប់​វល្លិ​រមៀត​យក​ទៅ​លក់​នេះ ក៏​មិន​បាន​ជួយ​ឲ្យ​ជីវភាព​ប្រជាជន បាន​ប្រសើរ​ឡើង​ដែរ អ្នក​ដែល​ចំណេញ គឺ​មាន​តែ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​វល្លិ​រមៀត​តែ​ប៉ុណ្ណោះ ។

2

(រូបភាព​រុក្ខជាតិ​វល្លិ​រមៀត​ដែល​វារ​នៅ​នឹង​ដី)

1លោក លឹម សុធី មេ​បញ្ជាការ​កង​អនុសេនាធំ​ប្រចាំ​នៅ​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង

2វចនានុក្រម​សម្ដេច ជួន ណាត ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

3ទស្សនាវដ្ដី ឥន្ទ្រទេវី ចេញ​ផ្សាយ ថ្ងៃ​ទី ២៥ ខែ មករា ១០ កុម្ភៈ ២០០១

4លោក កែវ អួន កម្មករ​ផលិត​ម្សៅ​វល្លិ​រមៀត នៅ​ព្រំ​ប្រទល់​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

5លោក សាយ ស្រៀង កម្មករ​កាប់​វល្លិ​រមៀត នៅ​ព្រំ​ប្រទល់ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

6លោក លឹម សុធី មេ​បញ្ជាការ​កង​អនុសេនាធំ​ប្រចាំ​នៅ​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង

7លោក អាចារ្យ អ៊ូច សាភួន សមាជិក​ឆ្លើយឆ្លង​ខេត្ត​កោះកុង

8លោក កែវ អួន កម្មករ​ផលិត​ម្សៅវល្លិ​រមៀត នៅ​ព្រំ​ប្រទល់ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

9លោក រិច តុង មេ​ការ​ កម្មករ​ផលិត​ម្សៅវល្លិ​រមៀត នៅ​ព្រំ​ប្រទល់ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

10លោក រិច តុង មេ​ការ​ កម្មករ​ផលិត​ម្សៅវល្លិ​រមៀត នៅ​ព្រំ​ប្រទល់ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

11ទស្សនាវដ្ដី​ប្រជាប្រិយ ឆ្នាំ​ទី ៧ លេខ ១៧៤ ចេញ​ផ្សាយ​ថ្ងៃ​ទី ១១២០ កក្កដា ២០០១

12លោក សាយ ស្រៀង កម្មករ​កាប់​វល្លិ​រមៀត នៅ​ព្រំ​ប្រទល់ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់

13ទស្សនាវដ្ដី ឥន្ទ្រទេវី ចេញ​ផ្សាយ ថ្ងៃ​ទី ២៥ មករា ១០ កុម្ភៈ ២០០១

14ទស្សនាវដ្ដី ឥន្ទ្រទេវី ចេញ​ផ្សាយ ថ្ងៃ​ទី ២៥ មករា ១០ កុម្ភៈ ២០០១

15លោក អាចារ្យ អ៊ូច សាភួន សមាជិក​ឆ្លើយឆ្លង​ខេត្ត​កោះកុង

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា
This entry was posted in ឯកសារស្រាវជ្រាវ and tagged , , . Bookmark the permalink.

បញ្ចេញមតិ